• (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com

សេចក្តីសេង្ខបអំពី ស្រាសខ្មែរ ក្នុងយុគសម័យប្រទេសជាតិអន់ខ្សោយ

ស្រាសគឺជាជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរក៏ដូចជាជនជាតិអាស៊ីទាំងមូលដែលមានប្រវត្តិតាំងពីរាប់រយឆ្នាំកន្លងមកហើយ ហើយស្រាសនេះទៀតសោតក៏បានរួមចំណែកយ៉ាងធំធេង គឺមិនត្រឹមតែសម្រាប់ផឹកប៉ុណ្ណោះ ទេ វាក៏បានចូលរួមក្នុងវិសយ័ម្ហូបអាហារ និងឱសថព្យាបាលផងដែរ ។

ប៉ុន្តែក្នុងយុគសម័យដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសភាពដុនដាប ស្រាស មិនមានតួនាទីសំខាន់ដូច មុនទៀតឡើយ ។ នៅពេលដែលគេនិយាយទៅដល់កម្មវត្ថុ “ស្រាស” មនុស្សភាគច្រើនលើសលប់ នឹងនឹក ស្រមៃទៅដល់ ភាពក្រីក្រតោកយ៉ាក, អ្នកប្រមឹកតាមស្រុកស្រែ, អ្នកលក់ដ៏ស្មោកគ្រោកនៅតាមចិញ្ចើមថ្នល់, ភាពប្រមឹកអាវ៉ាសែគ្មានសីលធម៌, ភាពថោកទាប អន់ថយ, ក្លិនស្អុយលាមកជ្រូកមាន់ទានៅកន្លែងបិតស្រា ៘ ទាំងនេះសុទ្ធសឹងតែជាមូលហេតុចម្បងៗដែលនាំគំនិតមនុស្សខ្មែរស្ទើរតែទាំងអស់ ឱ្យបំភ្លេចចោលនូវ ការងារដ៏មានតំលៃមួយនេះ។

ជាការពិតណាស់ ការងារបែបណាក៏ដោយឱ្យតែជាភាពសុចរិតសុទ្ធតែមានតំលៃទាំងអស់ លើកលែងតែ មនុស្សជាអ្នកកំណត់ប៉ុណ្ណោះ ។ យ៉ាងណាមិញ ស្រាសអង្ករខ្មែរ ដែលជាកេរមរតកដូនតាតាំងពីយូលង់ណាស់ មកហើយនោះ ត្រូវបានលើកតម្លៃសាជាថ្មីម្តងទៀត ដោយ ផ្ទះស្រាសអង្គរ ដឹកនាំដោយក្រុមគ្រួសារខ្មែរមួយ ដែលសព្វថ្ងៃនេះមានទីតាំងនៅក្នុងខេត្តសៀមរាប ទឹកដីអង្គរដ៏បវរនៃយើង ។ ផ្ទះស្រាសអង្គរ គឺជាឈ្មោះ សិប្បកម្មផលិតស្រាជាលក្ខណៈគ្រួសារមួយ ដែលបានបើកឱ្យភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនា ជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ហាញជូនពួកគេនូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលដ៏ សម្បូរបែប និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍បែបវប្បធម៌ និងធម្មជាតិនៅកម្ពុជាឱ្យកាន់តែ ល្អប្រសើរជាងមុន។

មានចម្ងល់ជាច្រើនរាប់មិនអស់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដែលបានដឹងពីព័ត៌មាននេះ។ សំណួរ ភាគច្រើនដែលយើងជួបដោយផ្ទាល់ពីសំណាក់ប្រជាជនទាំងនោះគឺថា “តើហេតុអ្វីបានជាអ្នកចាប់យកមុខរបរ ដ៏អន់ខ្សោយបែបនេះ?”។ ដូចយើងបានជំរាបត្រួសៗពីខាងដើមមកហើយថា ភាពថោកទាប ឬថ្លៃថ្នូរ គឺ មនុស្សជាអ្នកកំណត់។ ដូច្នេះ តើទាញចេញពីមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យស្រាសខ្មែរធ្លាក់ក្នុងសភាព យ៉ាប់យ៉ឺនអស់រយៈកាលដ៏យូរលង់បែបនេះ? យើងអាចបកស្រាយយ៉ាងសមហេតុផលជូនលោកអ្នក ដើម្បីជា ការពិចារណា។ លោកអ្នកសុទ្ធតែធ្លាប់ដឹងហើយមែនទេពីផលវិបាកនៃសង្គ្រាម? ពិតណាស់ សង្គ្រាមគឺជាទង្វើ ដ៏ចង្រៃហួសហេតុ និងគួរឱ្យស្អប់ខ្ពើមរកទីបំផុតគ្មាន ។ ដោយសារតែសង្គ្រាមធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងពិភពខ្មៅ ងងឹតរាប់ទសវត្សរ៍ មនុស្សក្រីក្រ មនុស្សអវិជ្ជា មនុស្សពិការ និងជនទុច្ចរិត កើតមានគ្រប់ទិសទី សេដ្ឋកិច្ច អន់ថយរកនិយាយមិនត្រូវ ភាពពុករលួយនៃវិសយ័សាធារណៈធ្វើឱ្យមនុស្សមិនគោរពច្បាប់ គឺនៅពេលនោះ ហើយដែលការជួញដូរ និងការរត់ពន្ធខុសច្បាប់មានសភាពរីកផុសផុលនៅតាមព្រំដែននៃប្រទេសជាពិសេស។ ជាក់ស្តែង ក្នុងស្ថានភាពដែលខ្មែរមិនទាន់មានលទ្ធភាពផលិតស្រាប្រកបដោយគុណភាពនៅឡើយនោះ អ្នក ជំនួញជាច្រើនបានឆ្លៀតឱកាសនាំចូលស្រាពីបរទេស ដែលមានតម្លៃថោកៗ រាប់រយម៉ាកយីហោ ដែលជាហេតុ បន្ទុចបង្អាក់ដល់ចលនាអភិវឌ្ឍន៍ផលិតផលស្រាក្នុងស្រុក ។ ទោះជាយ៉ាងណាក៏ដោយ ស្រាសខ្មែរ នៅតែមាន អ្នកផលិតជាហូរហែរមិនដាច់ គ្រាន់តែថាបទដ្ឋាននៃគុណភាព និងអនាមយ័មិនទាន់ឈានឱ្យភ្ញៀវទេសចរណ៍ (ទាំងក្នុងនិងក្រៅស្រុក) អាចទទួលយកបាននៅឡើយ ។ ខាងក្រោមនេះជាចំណុចគុណវិបត្តក្នុងរយៈកាល កន្លងមកដែលបណ្តាលឱ្យវិស័យស្រាសខ្មែរ មិនអាចរីកចំរើនទៅមុខបាន ៖

ទី១- កង្វះខាតផ្នែកអនាម័យ ៖

ជាធម្មតាស្រាសផលិតចេញពីអង្ករដែលគេយកទៅដណ្តាំជាបាយមុន នឹងយកមកលាយមេ ដូច្នេះវាពិតជាខ្ជះខ្ជាយខ្លាំងណាស់បើសិនជាគេចាក់បាយស្រាទាំងនោះចោល ក្រោយពីចប់ ការងារផលិតកម្ម។ ជម្រើសតែមួយដើម្បីប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនោះគឺ ការចិញ្ចឹមសត្វ។ ក្នុងនោះសត្វ ដែលងាយចិញ្ចឹមនិងរកចំណូលបានលឿនគឺ សត្វជ្រូក មាន់ និង ទា ។ ការចិញ្ចឹមសត្វនៅក្បែរកន្លែងបិតស្រាស បានក្លាយជាទម្លាប់តៗគ្នាជាយូរណាស់មកហើយ។ យើងសូមកោតសរសើដែលពួកគាត់ចេះប្រើប្រាស់វត្ថុធាតុ ដើមឱ្យអស់ពីសមត្ថភាព ប៉ុន្តែកង្វះខាតអនាមយ័ ដែលបណ្តាលពីលាមកសត្វទាំងនោះ បានប្រែក្លាយគ្រប់ សិប្បកម្មបិតស្រាទាំងនោះឱ្យទៅជាកន្លែង ភក់ជ្រាំ លាមកសត្វ រុយរោម និងក្លិនស្អុយគគ្រក់តាំងពីចម្ងាយ ។

ទី២- កង្វះខាតផ្នែកគុណភាព ៖

គុណភាពគឺជាកត្តាកំណត់មួយយ៉ាងសំខាន់ដែលមនុស្សចង់បាន។ នៅ ក្នុងបរិបទនេះ ពាក្យថា គុណភាព គឺយោងទៅលើរសជាតិសុរា និងឥទ្ធិពលរបស់វាចំពោះសុខភាព ក្រោយពេល បរិភោគ។ ស្រាសដែលកសិករខ្មែរនិយមធ្វើតៗគ្នាក្រោយពីប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមមកនោះគឺ ការបិត ដោយលាយមេដំបែគីមីនាំចូលពីប្រទេសវៀតណាម ព្រោះវាមានតម្លៃថោកជាង មេដំបែធម្មជាតិរបស់ខ្មែរ ដែលពិបាកនឹងរក ។ ម៉្យាងវាងាយរកទិញ ងាយបិត មិនរង់ចាំយូ ហើយអាចលក់បានក្នុងតម្លៃថោកៗ តម្រូវ ទៅតាមជីវភាពក្រីក្ររបស់អ្នកទិញ។ ពួកគេមិនសូវយល់ថា ការប្រើប្រាស់សារធាតុគីមីដើម្បីផលិតម្ហូបអាហារ ឬភេសជ្ជៈ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ នោះដោយសារតែភាពក្រីក្រ និងកង្វះចំណេះដឹង ។

ទី៣- កង្វះខាតទីផ្សារ ៖

ផលិតផលមួយបើសិនជាគ្មានទីផ្សារសម្រាប់លក់ចេញទេនោះនឹងបណ្តាលឱ្យ ក្ស័យធន ហើយជាចុងក្រោយគឺគ្មានការផលិតតទៅទៀត។ នៅកម្ពុជាទីផ្សារសម្រាប់ស្រាសខ្មែរមានលក្ខណៈ តូចចង្អៀតខ្លាំងណាស់។ ការលក់ដូរធ្វើឡើងជាលក្ខណៈគ្រួសារតូចៗ ជាពិសេសតាមស្រុកស្រែចំការ, នៅតាមទី ប្រជុំជនសំណង់អនាធិបតេយ្យក្នុងទីក្រុង, នៅតាមចិញ្ចើមថ្នល់ និងជួនកាលមាននៅក្នុងទីផ្សារតូចៗនៅក្បែរ ភូមិស្រុក ។ នៅតាមទីក្រុង កម្រមានអ្នកទិញស្រាសពិសារណាស់ លើកលែងតែការទិញដើម្បីត្រាំថ្នាំបុរាណ ឬត្រាំផ្លែឈើសំរាប់ព្យាបាលជំងឺផ្សេងៗទៅតាមជំនឿរបស់អ្នកបរិភោគប៉ុណ្ណោះ។ សម្រាប់វិសយ័ទេសចរណ៍វិញ ស្រាសអង្ករខ្មែរ ស្ទើរតែគ្មាននរណាបានស្គាល់សោះឡើយ ទោះជាគេដឹងថា កម្ពុជាជាប្រទេសកសិកម្មស្រូវដ៏ធំ យ៉ាងណាក៏ដោយ ។ ផ្ទុយទៅវិញអ្វីដែលមិនមែនជាវប្បធម៌ខ្មែរ ឧទាហរណ៍ជាក់ស្តែងដូចជាស្រាទំពាំងបាយជូ បែរជាមានភ្ញៀវទេសចរណ៍ដឹងឮនិងស្គាល់ច្រើនជាងទៅវិញ ។

ទី៤- កង្វះខាតការគាំទ្រលើកទឹកចិត្ត ៖

បើសិនជាមាននរណាម្នាក់មានដើមទុនដើម្បីប្រកបអាជីវកម្ម ធុនល្មមមួយនៅខេត្តសៀមរាប អ្វីដែលគេនឹកស្រមៃដល់មុនគេនោះគឺ សណ្ឋាគារ ឬ ផ្ទះសំណាក់ ឬ ភោជនីដ្ឋាន ឬ ហាងម៉ាស្សា ឬ ហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត៘ ព្រោះវាជាតម្រូវការចាំបាច់របស់ភ្ញៀវ ទេសចរណ៍ ។ ច្បាស់ជាគ្មាននរណានិយាយថា ល្អ ឡើយក្នុងសំនួរអំពី ការធ្វើសិប្បកម្មផលិតស្រាស ។ យោបល់ដ៏ល្ងង់ខ្លៅរបស់មនុស្សភាគច្រើនតែងតែនិយាយថា “បើលក់ស្រាស អាចធ្វើជាអ្នកមានបានហេតុអ្វីក៏ អ្នកលក់ស្រាសទាំងអស់នោះក្រីក្រយ៉ាងនេះ?”។ នេះហើយជាការបំបាក់ទឹកចិត្តអ្នកវិនិយោគខ្មែរ ហើយក៏ជា ការបន្ទាបបន្ថោកតម្លៃវប្បធម៌ខ្លួនឯងផងដែរ។ គ្រប់ការងារទាំងអស់នឹងមិនអាចដំណើរការបានឡើយ ទោះជា មានទីផ្សារស្រាប់ហើយក៏ដោយ បើសិនជាគ្មានការលើកទឹកចិត្តអ្វីៗនឹងបរាជយ័ដោយស្វយ័ប្រវត្តិ ។

ទី៥- ពាក្យចចាមអារ៉ាម ៖ 

ក្នុងវិសយ័ផលិតកម្មស្រាសខ្មែរ ពាក្យចចាមអារ៉ាមអាក្រក់ៗ អំពីស្រាស ត្រូវបានគេនិយាយវាយប្រហារមិនឈប់ឈរពីមាត់មួយទៅមាត់មួយ និងជួនកាលក៏មានសរសេរលើទំពរ័ សារព័ត៌មាននានា និងឧបករណ៍ផ្សាយសំលេងជាច្រើនផងដែរ ។ ពាក្យចចាមអារ៉ាម ដែលត្រូវបានផ្សព្វផ្សាយ កន្លងមកមានដូចជាថា “អ្នកផឹកស្រាសបានបែកពពុះមាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង”, “អ្នកផឹកស្រាសហើយ មានសភាពឈឺក្បាលយ៉ាងខ្លាំងក្រៃលែងស្ទើរទ្រាំមិនបាន”ជាដើម។ ទាំងនេះសុទ្ធតែជាផលវិបាក ដែលស្តែង ចេញពីកង្វះខាតផ្នែកគុណភាពដូចដែលបានរៀបរាប់ខាងលើមកស្រាប់។ អ្នកមិនសូវមានចំណេះដឹងបាននិយាយ ក្តោបជារួមថា ស្រាសខ្មែរមិនល្អប្រៀបដូចជាថ្នាំពុល ដែលអាចសំលាប់មនុស្សបាន។ តាមការពិតវាគ្រាន់តែជា ចំណែកមួយដែលផ្តើមចេញពីបុគ្គលអ្នកផលិតតែប៉ុណ្ណោះ ដែលមិនមានចំណេះដឹងគ្រប់គ្រាន់ ហើយក៏នាំគ្នាបិត ស្រាលក់ដោយខុសក្បួនខ្នាតត្រឹមត្រូវ ទើបបណ្តាលឱ្យអ្នកបរិភោគទទួលគ្រោះថ្នាក់បែបនេះ ។ ដូច្នេះពួកគេ មិនគួរនិយាយថា ស្រាសខ្មែរអាក្រក់ទេ ពួកគេគួរតែនិយាយថាអ្នកបិតស្រាសខ្មែរនោះទេ ដែលមិនមាន លក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ព្រោះការនិយាយដោយមិនបានគិតពិចារណាវាធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រាស ដែលត្រូវបានផលិតឡើងប្រកប ដោយបទដ្ឋានត្រឹមត្រូវ ។

ឆ្លងតាមការអត្ថាធិបាយត្រួសៗទាំងនេះ យើងអាចស្វែងយល់បានថា ក្នុងសភាពពិតជាក់ស្តែង ស្រាស ខ្មែរ ជាវត្ថុមានតម្លៃយ៉ាងខ្លាំងតាំងពីរាប់រយឆ្នាំមកម៉្លេះ ប៉ុន្តែភាពលោភលន់របស់មនុស្សដោយខ្វះការពិចារណា បូករួមទាំងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃផងនោះ បានបណ្តាលឱ្យកិត្តិស័ព្ទស្រាសខ្មែរធ្លាក់ចូលទៅក្នុង សភាពអាប់ឱនយ៉ាងក្រៃលែង។ នៅពេលនេះ ទីនេះខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយៈ យើងខ្ញុំដែលជាអ្នក ផ្តួចផ្តើមកសាងកេរ្តិ៍ឈ្មោះស្រាសខ្មែរឡើងវិញ សូមធ្វើការធានាអះអាងចំពោះពិភពលោកថា ស្រាសខ្មែរគឺជា ស្រាដ៏ល្អឥតខ្ចោះ ស្ថិតក្នុងលំដាប់កំពូល ដែលបានប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ផ្ទះស្រាសអង្គរ ។

ពិសេស


គុកគី​ខែ្មរ​អង្គរ​

គុកគី​ខែ្មរ​អង្គរ​

ហ្វេសបុក


អាសយដ្ឋាន

  • សៀមរាប,​សៀមរាប,​ប្រទេសកម្ពុជា
  • (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com
  • www.khmerangkorfood.com

ទីតាំង

dog checks
ផលិតឆ្នាំ២០១៦ រក្សាសិទ្ធគ្រប់យ៉ានដោយ: LM KHMER ANGKOR FOOD Co,Ltd.
រចនាដោយ ៈ អាយធីស្មាត